Posted on

អ្នកទាំងអស់គ្នាអាចហៅនាងខ្ញុំបានថា «Alysto» នាងខ្ញុំមានឈ្មោះពិតហៅថា «សូលីតា»។ មានដើមកំណើតនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលមានម្តាយជាអ្នកខេត្តកំពង់ចាម និងមានឪពុកជាអ្នកចាក់អង្រែក្រោម។ នាងខ្ញុំគឺជាសាមញ្ញជនមួយរូប ដោយបច្ចុប្បន្ននេះឪពុកនាងខ្ញុំគឺជាបុគ្គលិកបម្រើការអោយក្រុមហ៊ុនឯកជនមួយកន្លែង និងម្តាយខ្ញុំគឺជាអ្នកលក់ដូរតូចតាចបន្តិចបន្តួច។ ចំពោះប្រវត្តិការសិក្សារបស់នាងខ្ញុំវិញ នាងខ្ញុំធ្លាប់បានបញ្ចប់ការសិក្សានៅក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា និងធ្លាប់បានធ្វើការជាបុគ្គលិកនៅក្រុមហ៊ុនឯកជនមួយកន្លែងផងដែរ។ ហើយនាងខ្ញុំក៏បានទៅបន្តការសិក្សានៅក្នុងទីក្រុង Qingdao ខេត្ត Shandong ប្រទេសចិន អស់រយៈកាលជាង៤ឆ្នាំ។ និងបានមកបន្តនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ សព្វថ្ងៃនេះ នាងខ្ញុំកំពុងតែរស់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយស្របច្បាប់ និងមានកាតស្នាក់នៅពេញសិទ្ធ។ ហើយនាងខ្ញុំក៏កំពុងតែបានរស់នៅក្នុងកូនផ្ទះដ៏មានសុភមង្គលតូចមួយជាមួយបុរសដែលខ្លួនស្រលាញ់។

អំពីអ្វីដែលនាងខ្ញុំកំពុងតែធ្វើ

នាងខ្ញុំបានធ្វើ និងកំពុងតែបន្តធ្វើនូវវីដេអូជាប្រភេទខ្លី វែង និងមានសរសេរជាសៀវភៅមួយចំនួនផងដែរ។ ដែលនិយាយរៀបរាប់អំពីបញ្ហាជីវិត បញ្ហាគ្រួសារ ស្នេហា ការចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតា បញ្ហាការសិក្សា ការងារ សង្គម និងបញ្ហាឧបសគ្គជីវិតផ្សេងៗ ព្រមជាមួយនឹងការចែករំលែកចំណេះដឹងទូទៅមួយចំនួន បូករួមទាំងការចែករំលែកនូវមេរៀន និងបទពិសោធន៍ជីវិតដែលនាងខ្ញុំធ្លាប់រៀន ធ្លាប់មាន និងធ្លាប់ជួបកន្លងមក។ ដោយទាំងអស់នេះ គឺសុទ្ធសឹងតែធ្វើឡើងដោយផ្អែកទៅលើចំណេះដឹងផ្ទាល់ខ្លួនដែលនាងខ្ញុំមាន និងធ្លាប់បានសិក្សាកន្លងមក បូករួមជាមួយនឹងការសិក្សាស្រាវជ្រាវឯកសារជាច្រើនដែលធ្វើឡើងដោយនាងខ្ញុំផ្ទាល់ ដោយគួបផ្សំជាមួយនឹងបទពិសោធន៍ គំនិត និងការយល់ឃើញរបស់នាងខ្ញុំផ្ទាល់ផងដែរ។

អំពីកម្មវត្ថុរបស់នាងខ្ញុំ

នាងខ្ញុំធ្វើវីដេអូប្រភេទខ្លី វែង និងសរសេរសៀវភៅឡើង គឺក្នុងគោលបំណងចែករំលែកនូវអ្វីដែលនាងខ្ញុំមានទាំងអស់ ជូនទៅកាន់ជនដែលមានតម្រូវការ និងដើម្បីជួយសម្រួលដល់ការសម្រេចចិត្តរាល់គ្រប់បញ្ហាទាំងអស់ដែលកើតមាននៅក្នុងជីវិតរបស់មនុស្សរាល់គ្នា។ ហើយជាពិសេសជាងនេះទៅទៀតនោះគឺ នាងខ្ញុំមានចេតនាក្នុងការសាបព្រោះនូវគំនិត ចំណេះដឹងដែលនាងខ្ញុំមានទាំងអស់ ដើម្បីជាការបញ្ជាក់ពីឆន្ទៈក្នុងការចូលរួមចំណែកជំរុញ លើកតម្កើនអោយវប្បធម៌សាបព្រោះចំណេះដឹងនេះ អាចដើរទៅមុខបានកាន់តែលឿន និងកាន់តែធំទូលំទូលាយជាងមុន។

អំពីការស្នើសុំប្រធានបទ

នាងខ្ញុំក៏ចាប់ផ្តើមបើកទទួលការស្នើសុំប្រធានបទ និងការឆ្លើយតបនូវសំនួរទាក់ទិនអំពីបញ្ហាផ្សេងៗដែលមានដូចជា៖ បញ្ហាជីវិត បញ្ហាគ្រួសារ ស្នេហា ការចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតា បញ្ហាការសិក្សា ការងារ សង្គម និងបញ្ហាឧបសគ្គជីវិតផ្សេងៗ។ល។ ដូច្នេះប្រសិនបើមានប្រិយមិត្តណាចង់ធ្វើការស្នើសុំប្រធានបទ ឬមាននូវចម្ងល់ផ្សេងៗ ឬក៏ខ្លួនកំពុងតែជួបប្រទះនូវបញ្ហាជីវិតដែលពុំអាចដោះស្រាយចេញបាន និងត្រូវការអ្នកជួយផ្តល់ជាគំនិត មតិយោបល់ ដើម្បីជាជំនួយដល់ការសម្រេចចិត្តរបស់អ្នក។

អ្នកអាចផ្ញើសារតាមរយះ ទំនាក់ទំនង ដែលមាននៅលើគេហទំព័រនេះផ្ទាល់ឬអាចផ្ញើសារចូលទៅក្នុងគេហទំព័រ Facebook-Alysto ឬក៏អាចផ្ញើសារមកកាន់ Email-Alysto ផ្ទាល់តែម្តងក៏បានដែរ។

ជាមួយនឹងការរៀបរាប់លំអិតក្បោះក្បាយអំពីបញ្ហារបស់អ្នក ធ្វើបែបនេះទើបនាងខ្ញុំអាចផ្តល់ជូនជាគំនិត មតិយោបល់ និងដំណោះស្រាយត្រឡប់ទៅវិញបានដោយលំអិត និងគ្រប់ជ្រុងជ្រោយ។ បន្ទាប់ពីនាងខ្ញុំទទួលបានសារស្នើសុំរបស់ប្រិយមិត្តទាំងអស់គ្នាហើយ នាងខ្ញុំនឹងរៀបចំជាប្រធានបទ និងចេញជាវីដេអូឆ្លើយតបទៅកាន់អ្នកទាំងអស់គ្នាវិញ ជាមួយនឹងការរក្សានូវការសម្ងាត់ជូន រួមនឹងការលាក់ឈ្មោះរបស់អ្នកទាំងអស់គ្នាផងដែរ។ ដូច្នេះអ្នកទាំងអស់គ្នាពុំចាំបាច់មានការបារម្ភអ្វី ក្នុងការរៀបរាប់បញ្ហាលំអិតមកកាន់នាងខ្ញុំទេ។